ជាសះស្បើយយឺតៗ
បន្ទាប់ពីកូនប្រុសរបស់ខ្ញុំ ចូលធ្វើទាហានរបស់សហរដ្ឋអាមេរិកបាន៤សប្តាហ៍ គាត់បានមានរបួសក្បាលជង្គង់យ៉ាងធ្ងន់ធ្ងរ ក្នុងការហ្វឹកហាត់។ ហេតុនេះហើយ គេក៏បានអនុញ្ញាតឲ្យគាត់ឈប់ធ្វើទាហាន។ ដូចនេះ គាត់បានប្រើឈើច្រត់ដើរអស់មួយរយៈពេល ក្នុងវ័យ១៩ឆ្នាំ ហើយដោយសារភាពធ្ងនធ្ងរនៃរបួសនោះ គាត់ត្រូវអត់ទ្រាំនឹងការលំបាកអស់រយៈពេល២ឆ្នាំ ទំរាំតែជាសះស្បើយ ដោយការសម្រាក និងស្តាឡើងវិញ។ ទីបំផុត គាត់ក៏អាចដោះទ្រនាប់ក្បាលជង្គង់ ដែលគាត់បានពាក់តាំងពីថ្ងៃមានគ្រោះថ្នាក់។ ទោះបីជាក្បាលជង្គង់គាត់ នៅឈឺខ្លះៗ ក៏ដោយ ក៏ដំណើរការដ៏វែងអន្លាយ និងយឺតៗ នៃការជាសះស្បើយ បាននាំឲ្យគាត់អាចប្រើប្រាស់ជើងគាត់ទាំងស្រុងឡើងវិញ។
ការជាសះស្បើយខាងរូបកាយ ច្រើនតែមានភាពយឺតយ៉ាវជាងការរំពឹងទុករបស់យើង។ ពេលខ្លះ ការប្រោសឲ្យជាខាងវិញ្ញាណក៏មានដំណើរយឺតៗ ដូចនេះផងដែរ។ ផលវិបាក ដែលទទួលបានពីការសម្រេចចិត្តខុស ឬទទួលបានពីទង្វើអាក្រក់របស់អ្នកដទៃ អាចនាំឲ្យយើងមានបន្ទុក ឬមានរបួសក្នុងចិត្ត ដែលយើងអត់ទ្រាំអស់មួយជីវិត។ ប៉ុន្តែ សម្រាប់យើងដែលជាកូនរបស់ព្រះ យើងមានក្តីសង្ឃឹម។ ទោះបីជា មានរបួសខ្លះមិនបានជាសះស្បើយទាំងស្រុង ក្នុងមួយជីវិតនេះក៏ដោយ ក៏ព្រះទ្រង់បានសន្យាយ៉ាងច្បាស់ថា នៅទីបញ្ចប់ យើងនឹងបានជាសះស្បើយមួយរយភាគរយ។ គឺដូចដែលសាវ័កយ៉ូហានបានមានប្រសាសន៍ថា “ព្រះទ្រង់នឹងជូតអស់ទាំងទឹកភ្នែក ពីភ្នែកគេចេញ និងគ្មានសេចក្តីស្លាប់ ឬសេចក្តីសោកសង្រេង ឬសេចក្តីយំទួញ ឬទុក្ខលំបាកណាទៀតឡើយ ដ្បិតសេចក្តីមុនទាំងប៉ុន្មាន បានកន្លងបាត់ទៅហើយ”(វិវរណៈ ២១:៤)។
ក្នុងរដូវកាលនៃការឈឺចាប់របស់យើង យើងអាចមានការកម្សាន្តចិត្ត ដោយដឹងថា នៅទីបំផុត ព្រះវត្តមានដ៏អស្ចារ្យរបស់ព្រះអង្គ នឹងជួយឲ្យយើងបានជាស្អាតជារៀងរហូត។-Bill…
ទឹកភ្នែកនៃការដឹងគុណ
ពេលខ្ញុំនឹងភរិយារបស់ខ្ញុំ បានទៅចូលរួមពិធីលៀងព្រះអម្ចាស់ គេបានអញ្ជើញពួកជំនុំ ឲ្យឡើងទៅខាងមុខ ដើម្បីទទួលនំប៉័ង និងពែងទឹកទំពាំងបាយជូរ ពីគ្រូគង្វាល ឬពួកចាស់ទុំ។ ពួកគេបានប្រាប់ពួកជំនុំម្នាក់ៗ ដោយផ្ទាល់ អំពីការលះបង់ ដែលព្រះយេស៊ូវបានធ្វើសម្រាប់គេម្នាក់ៗ។ ពេលនោះ ខ្ញុំមានការប៉ះពាល់ចិត្តជាពិសេស នៅក្នុងការប្រារព្ធពិធីនេះ។ ប៉ុន្តែ ជាញឹកញាប់ យើងអាចប្រែជាមានអារម្មណ៍ថា គ្មានអ្វីប្លែក ចំពោះពិធីដ៏សំខាន់នេះ ដោយសារយើងគ្រាន់តែបានប្រារព្ធធ្វើជាទម្លាប់ទៅហើយ។ បន្ទាប់ពីយើងបានត្រឡប់មកកន្លែងអង្គុយវិញហើយ ខ្ញុំក៏បានមើលអ្នកដទៃដើរយឺតៗទៅខាងមុខវេទិការ យ៉ាងស្ងាត់ស្ងៀម។ គួរឲ្យកត់សំគាល់ណាស់ ដែលមានមនុស្សជាច្រើនមានទឹកភ្នែករលីងរលោង។ សម្រាប់ខ្ញុំ និងសម្រាប់អ្នកដទៃទៀត ដែលខ្ញុំបានជជែកជាមួយនៅពេលក្រោយមក ទឹកភ្នែកនោះជាទឹកភ្នែកនៃការដឹងគុណ។
យើងអាចរកឃើញមូលហេតុនៃទឹកភ្នែកនៃការដឹងគុណ នៅក្នុងមូលហេតុនៃការប្រារព្ធធ្វើពីធីលៀងព្រះអម្ចាស់។ សាវ័កប៉ុលបានបង្រៀនពួកជំនុំ នៅក្រុងកូរិនថូស អំពីអត្ថន័យនៃពិធីលៀងព្រះអម្ចាស់ ហើយក៏បាននិយាយសង្កត់ធ្ងន់ ដោយប្រើពាក្យដ៏មានអំណាចថា “ដ្បិតរាល់វេលាណា ដែលអ្នករាល់គ្នាបរិភោគនំបុ័ងនេះ ហើយផឹកពីពែងនេះ នោះឈ្មោះថាសំដែងពីសេចក្តីសុគតរបស់ផងព្រះអម្ចាស់ ដរាបដល់ទ្រង់យាងមក”(១កូរិនថូស ១១:២៦)។ ធាតុផ្សំនៃពិធីលៀងព្រះអម្ចាស់ បាននាំឲ្យយើងគិតអំពីឈើឆ្កាង និងការដែលព្រះគ្រីស្ទលះបង់ ជួសយើងរាល់គ្នា ដូចនេះ ពិធីលៀងព្រះអម្ចាស់និយាយអំពីព្រះគ្រីស្ទ គឺមិនគ្រាន់តែជាពិធីបុណ្យរបស់គ្រីស្ទបរិស័ទប៉ុណ្ណោះទេ។ គឺនិយាយអំពីសេចក្តីស្រឡាញ់ ការលះបង់ និងឈើឆ្កាងរបស់ព្រះអង្គ ដែលសុទ្ធតែដើម្បីយើងរាល់គ្នា។
យើងមិនអាចរកពាក្យនឹងថ្លែងឲ្យបានគ្រប់គ្រាន់ អំពីព្រះគុណដ៏អស្ចារ្យនៃការលះបង់របស់ព្រះគ្រីស្ទ! ជួនកាល ទឹកភ្នែកនៃការដឹងគុណ អាចថ្លាថ្លែងអំពីសេចក្តីអ្វី ដែលពាក្យមិនអាចរៀបរាប់ឲ្យបានពេញលេញ។-Bill…
សំណួរដែលពិបាកឆ្លើយ
មានពេលមួយលោកឧត្តម្ភសេនីយ លូ វលលេស(Lew Wallace) នៃកងទ័ពសហព័ន្ធ បានជួបលោកវរសេនីយ រ៉ូបឺត អ៊ីងហ្គ័រសូល(Robert Ingersoll) ពេលដែលគាត់កំពុងធ្វើដំណើរតាមរថភ្លើង បន្ទាប់ពីសង្រ្គាមស៊ីវិលអាមេរិកបានបញ្ចប់ បានពីរបីឆ្នាំ។ ក្នុងសតវត្សរ៍ទី១៩ លោកអ៊ីងហ្គ័រសូល ស្ថិតក្នុងចំណោមអ្នកដែលនាំមុខគេ ក្នុងការមិនជឿថាព្រះមានពិតមែន ហើយលោកវលលេសជាបុរសនៃសេចក្តីជំនឿ។ ពេលដែលការសន្ទនារបស់ពួកគេ បានឈានចូលដល់ការជជែកគ្នាអំពីភាពខុសគ្នាខាងវិញ្ញាណ លោកវលលេសក៏បានដឹងខ្លួនថា គាត់មិនអាចឆ្លើយសំណួរ និងបកស្រាយចម្ងល់របស់លោកអ៊ីនហ្គ័រសូលបានទេ។ លោកវលលេស មានការអៀនខ្មាស់ ដោយសារការខ្វះការយល់ដឹង អំពីក្តីជំនឿរបស់ខ្លួន បានជាគាត់ចាប់ផ្តើមរកមើលចម្លើយ ក្នុងព្រះគម្ពីរ។ ក្រោយមក ការនេះបាននាំឲ្យគាត់និពន្ធសៀវភៅរឿងប្រលោមលោកដ៏ល្បីល្បាញមួយក្បាល មានចំណងជើងថា ប៊េន ហ៊រ(Ben-Hur): ជារឿងនិទាន អំពីព្រះគ្រីស្ទ ដែលនៅក្នុងនោះ គាត់បានប្រកាស់ដោយចិត្តជឿជាក់ អំពីព្រះអង្គសង្រ្គោះ។
យើងមិនត្រូវឲ្យជំនឿរបស់យើងចុះខ្សោយ ដោយសារសំណួររបស់អ្នកមិនជឿព្រះឡើយ។ ផ្ទុយទៅវិញ សំណួរទាំងនោះអាចនាំឲ្យយើងមានការស្វែងយល់កាន់តែស៊ីជម្រៅ ហើយបង្រៀនយើងឲ្យចេះឆ្លើយតប ដោយប្រាជ្ញា និងសេចក្តីស្រឡាញ់ ដល់អ្នកដែលចោទសួរ អំពីសេចក្តីជំនឿរបស់យើង។ សាវ័កពេត្រុសបានលើកទឹកចិត្តយើង ឲ្យដេញតាមប្រាជ្ញារបស់ព្រះ ក្នុងព្រះគម្ពីរ គឺដូចដែលមានសេចក្តីចែងថា “ចូរប្រុងប្រៀបជានិច្ច ដោយសុភាព ហើយកោតខ្លាច ដើម្បីនឹងតបឆ្លើយដល់អ្នកណាដែលសួរពីហេតុនៃសេចក្តីសង្ឃឹមរបស់អ្នករាល់គ្នា”(១ពេត្រុស ៣:១៥)។
យើងមិនអាចឆ្លើយសំណួរបានទាំងអស់ឡើយ ប៉ុន្តែ យើងត្រូវការសេចក្តីក្លាហាន ទំនុកចិត្ត…
អ្នកមានមិត្តសំឡាញ់ដ៏ពិត
សព្វថ្ងៃនេះ ការប្រើប្រាស់បណ្តាញសង្គមកំពុងតែមានការពេញនិយមកាន់តែខ្លាំង។ ប៉ុន្តែ អ្នកដែលប្រើបណ្តាញសង្គម ច្រើនតែមានភាពឯកកោកាន់តែខ្លាំង ដែលនោះជាផលវិបាក ដែលពួកគេទទួលបាន ដែលមិនគួរឲ្យជឿ។ មានអត្ថបទមួយ ដែលគេបានបង្ហោះនៅលើបណ្តាញអ៊ីនធឺណែត បានលើកឡើងថា “អ្នកដែលមិនយល់ស្របនឹងការរស់នៅ ដោយចំណាយពេលច្រើនពេកនៅលើបណ្តាញអ៊ីនធឺណែត បានអះអាងថា មិត្តភ័ក្រនៅលើបណ្តាញសង្គម មិនអាចជំនួសមិត្តភ័ក្រក្នុងពិភពពិត ឲ្យបានគ្រប់គ្រាន់ឡើយ ហើយ … បុគ្គលណា ដែលយកមិត្តភ័ក្រនៅលើបណ្តាញសង្គម មកជំនួសមិត្តភ័ក្រក្នុងសង្គមពិត អាចក្លាយជាមនុស្សដែលកាន់តែឯកោ ហើយធ្លាក់ទឹកចិត្តកាន់តែខ្លាំង”។
ក្រៅពីភាពឯកោដែលកើតមាន ក្នុងបច្ចេកវិទ្យា យើងម្នាក់ៗសុទ្ធតែតយុទ្ធ នឹងរដូវកាលនៃភាពឯកកោ ដោយមិនដឹងថា តើមាននរណាម្នាក់ដឹង យល់ ឬយកចិត្តទុកដាក់ចំពោះបន្ទុកដែលយើងកំពុងតែលីសែង ឬការលំបាកដែលយើងកំពុងជួបប្រទះទេ។ ប៉ុន្តែ អ្នកដើរតាមព្រះគ្រីស្ទ មានការធានាថា ព្រះគ្រីស្ទនឹងប្រទាននូវការកម្សាន្តចិត្ត ដល់អ្នកដែលនឿយព្រួយ។ ព្រះសង្រ្គោះបានមានបន្ទូលសន្យា អំពីព្រះវត្តមានដែលកម្សាន្តចិត្ត ដែលមានចែងច្បាស់ក្នុងព្រះគម្ពីរ ដែលមិនអាចប្រកែកបានឡើយ គឺដូចដែលស្តេចដាវីឌបានតែងទំនុកដំកើងថា “ទោះបើទូលបង្គំដើរកាត់ច្រកភ្នំនៃម្លប់សេចក្តីស្លាប់ក៏ដោយ គង់តែមិនខ្លាចសេចក្តីអាក្រក់ណាឡើយ ដ្បិតទ្រង់គង់នៅជាមួយនឹងទូលបង្គំ ព្រនង់ ហើយនឹងដំបងរបស់ទ្រង់កំសាន្តចិត្តទូលបង្គំ”(ទំនុកដំកើង ២៣:៤)។
ទោះបីជាភាពឯកកោនោះ បានកើតឡើងដោយសារការសម្រេចចិត្តរបស់យើង ឬដោយសារចរន្តនៃវប្បធម៌ ដែលនៅជុំវិញយើង ឬមួយដោយសារបាត់បង់មនុស្សជាទីស្រឡាញ់ ដ៏ឈឺចាប់ក៏ដោយ ក៏អ្នកដែលស្គាល់ព្រះគ្រីស្ទ អាចសម្រាក ក្នុងព្រះវត្តមានរបស់អ្នកគង្វាលនៃដួងចិត្តយើង។ ព្រះយេស៊ូវជាមិត្តសំឡាញ់ពិត!-Bill Crowder…
ស្មរបន្ទាល់ដ៏សុភាព
ជាច្រើនឆ្នាំកន្លងទៅ ខ្ញុំបានចូលសម្រាកព្យាបាល នៅមន្ទីរពេទ្យ បន្ទាប់ពីខ្ញុំបានធ្លាក់ពីលើស្ពានកម្ពស់១១ម៉ែត្រ។ ពេលខ្ញុំកំពុងសម្រាកព្យាបាល ភរិយារបស់បុរសម្នាក់ ដែលគេងនៅលើគ្រែ ដែលនៅជាប់គ្រែខ្ញុំ បានមកប្រាប់ខ្ញុំថា “ស្វាមីរបស់ខ្ញុំបានប្រាប់ខ្ញុំ អំពីហេតុកាណ៍ដែលបានកើតឡើងចំពោះអ្នក។ យើងជឿថា ព្រះបានទុកជីវិតឲ្យអ្នក ព្រោះព្រះអង្គចង់ប្រើអ្នក។ យើងបានអធិស្ឋានឲ្យអ្នកជាប្រចាំ”។
ពេលនោះខ្ញុំមានការភ្ញាក់ផ្អើលណាស់។ ខ្ញុំបានចម្រើនវ័យធំឡើង ក្នុងគ្រួសារដែលទៅថ្វាយបង្គំព្រះនៅព្រះវិហារ តែខ្ញុំមិនដែលនឹកស្រមៃថា ព្រះសព្វព្រះទ័យនឹងប្រើខ្ញុំឡើយ។ ពាក្យសម្តីរបស់នាង បាននាំឲ្យខ្ញុំងាកទៅរកព្រះសង្រ្គោះ ដែលខ្ញុំបានឮព្រះនាម តែមិនបានស្គាល់។ ចាប់តាំងពីពេលនោះមកខ្ញុំក៏បានចាប់ផ្តើមមានជំនឿលើព្រះគ្រីស្ទ។ ខ្ញុំចូលចិត្តរំឭកខ្លួនឯង អំពីពាក្យសម្តីរបស់ស្មរបន្ទាល់ដ៏សុភាពម្នាក់នោះ ដែលបានប្រាប់ខ្ញុំអំពីព្រះ ដែលពិតជាមានសេចក្តីស្រឡាញ់ចំពោះខ្ញុំ។ ពាក្យសម្តីរបស់នាងបានបង្ហាញនូវការយកចិត្តទុកដាក់ ហើយបាននាំឲ្យខ្ញុំយល់អំពីគោលបំណង និងព្រះបន្ទូលសន្យារបស់ព្រះ។
ព្រះយេស៊ូវបានបង្គាប់ពួកសាវ័ករបស់ព្រះអង្គ ក៏ដូចជាបង្គាប់យើង ឲ្យទៅប្រាប់អ្នកដទៃ អំពីសេចក្តីស្រឡាញ់របស់ព្រះ។ គឺដូចដែលមានសេចក្តីចែងថា “កាលណាព្រះវិញ្ញាណបរិសុទ្ធបានមកសណ្ឋិតលើអ្នករាល់គ្នា នោះអ្នករាល់គ្នានឹងបានព្រះចេស្តា ហើយនិងធ្វើជាទីបន្ទាល់ពីខ្ញុំ នៅក្រុងយេរូសាឡិម ព្រមទាំងស្រុកយូដា និងស្រុកសាម៉ារីទាំងមូល ហើយរហូតដល់ចុងផែនដីបំផុតផង”(កិច្ចការ ១:៨)។
ពាក្យសម្តី និងទីបន្ទាល់របស់យើង អាចមានអំណាចនាំឲ្យមានការផ្លាស់ប្រែ ក្នុងជីវិតរបស់អ្នកដទៃ តាមរយៈព្រះវិញ្ញាណបរិសុទ្ធ។-Bill Crowder
ច្រឡំអត្តសញ្ញាណ
ស្កុត ក្រោឌ័រ(Scott Crowder) ជាប្អូនប្រុសពៅរបស់ខ្ញុំ ដែលបានចាប់កំណើត ពេលខ្ញុំកំពុងរៀននៅវិទ្យាល័យ។ ដូចនេះ យើងមានអាយុខុសគ្នាខ្លាំងណាស់ បានជាមានរឿងគួរឲ្យចាប់អារម្មណ៍ជាច្រើន ពេលដែលគាត់ដល់វ័យត្រូវចូលរៀននៅសកលវិទ្យាល័យ។ ពេលគាត់ចាប់ផ្តើមការធ្វើដំណើរជាលើកដំបូង ទៅសកលវិទ្យាល័យ ខ្ញុំនឹងម្តាយរបស់យើងបានរួមដំណើរជាមួយគាត់។ ពេលយើងទៅដល់សកលវិទ្យាល័យ មនុស្សនៅទីនោះបានច្រឡំថា ខ្ញុំជាឪពុករបស់គាត់ ហើយម្តាយរបស់យើងជាយាយរបស់គាត់។ យើងក៏បានប្រាប់គេកុំឲ្យច្រឡំ តែក្រោយមក យើងក៏ឈប់ប្រាប់គេទៀត។ ទោះបីជាយើងបានធ្វើ ឬនិយាយអ្វីក៏ដោយ ក៏ទំនាក់ទំនងដ៏ពិតប្រាកដ ដែលយើងមានជាគ្រួសារ បានធ្វើឲ្យគេលែងយល់ច្រឡំទៀត។
មានពេលមួយ ព្រះយេស៊ូវបានសួរពួកផារិស៊ីថា “អ្នករាល់គ្នាគិតពីព្រះគ្រីស្ទដូចម្តេច តើទ្រង់ជាព្រះវង្សអ្នកណា”។ នោះគេទូលឆ្លើយថា ព្រះអង្គ“ជាព្រះវង្សហ្លួងដាវីឌ”(ម៉ាថាយ ២២:៤២)។ ការស្គាល់អត្តសញ្ញាណរបស់ព្រះមែស៊ី គឺពិតជាសំខាន់ណាស់។ ពួកគេក៏បានឆ្លើយត្រូវហើយ ប៉ុន្តែ ចម្លើយរបស់ពួកគេមិនទាន់ពេញលេញទេ។ ព្រះគម្ពីរបានបញ្ជាក់ថា ព្រះមែស៊ីនឹងយាងមក ហើយសោយរាជ្យនៅលើបល្ល័ង្ករបស់ព្រះវង្គហ្លួងដាវីឌ។ ប៉ុន្តែ ព្រះយេស៊ូវបានរំឭកពួកគេថា ស្តេចដាវីឌនឹងបានធ្វើជាព្ធយុកោរបស់ព្រះគ្រីស្ទ ហើយជាងនេះទៅទៀត ស្តេចដាវីឌក៏បានហៅព្រះអង្គថា “ព្រះអម្ចាស់”។
ពេលព្រះយេស៊ូវសួរលោកពេត្រុស ដោយសំណួរដូចនេះដែរ គាត់បានឆ្លើយយ៉ាងត្រឹមត្រូវថា “ទ្រង់ជាព្រះគ្រីស្ទ ជាព្រះរាជបុត្រានៃព្រះដ៏មានព្រះជន្មរស់”(១៦:១៦)។ សព្វថ្ងៃនេះ អត្តសញ្ញាណរបស់ព្រះយេស៊ូវសំខាន់លើសអ្វីៗទាំងអស់ ហើយក៏សំខាន់អស់កល្បជានិច្ចផង បានជាយើងមិនត្រូវមានការយល់ដឹងខុស អំពីអត្ថសញ្ញាណរបស់ព្រះអង្គឡើយ។-Bill Crowder
ចេះតែវង្វេងចេញ
បទ “ចូលមក អស់អ្នកដែលមានពរ” ស្ថិតក្នុងចំណោមបទចម្រៀងទំនុកដំកើង ដែលខ្ញុំចូលចិត្តជាងគេ។ បទនេះជាស្នាដៃនិពន្ធរបស់លោករ៉ូបឺត រ៉ូប៊ីនសិន(Robert Robinson) ដែលជាយុវជនក្នុងវ័យ២២ឆ្នាំ កាលពីឆ្នាំ១៧៥៧។ ក្នុងទំនុកបទនេះ មានវគ្គមួយ ដែលតែងតែធ្វើឲ្យខ្ញុំចាប់អារម្មណ៍យ៉ាងខ្លាំង ហើយបានជំរុញឲ្យខ្ញុំធ្វើការវាយតម្លៃខ្លួនឯង។ គឺវគ្គដែលច្រៀងថា “ឱព្រះអម្ចាស់ ទូលបង្គំចេះតែវង្វេងចេញ វង្វេងចេញពីព្រះដែលទូលបង្គំស្រឡាញ់”។ ពេលខ្លះ ខ្ញុំពិតជាមានអារម្មណ៍ថា កំពុងវង្វេងចេញពីព្រះអង្គ។ មានពេលជាច្រើនដងពេកហើយ ដែលមានអ្វីមួយមកបង្វែរអារម្មណ៍ខ្ញុំ ហើយខ្ញុំក៏បែកអារម្មណ៍ ដោយឈប់ផ្តោតទៅលើព្រះសង្រ្គោះដែលបានស្រឡាញ់ខ្ញុំ និងលះបង់ព្រះជន្មដើម្បីខ្ញុំ។ មិនមែនមានតែខ្ញុំ និងលោករូបឺត រ៉ូប៊ីនសិនទេ ដែលមានបញ្ហានេះ។
ពេលដែលយើងវង្វេងចេញពីព្រះ ចិត្តរបស់យើងមិនចង់រសាត់ចេញពីព្រះទេ តែយើងច្រើនតែធ្វើការអ្វី ដែលយើងមិនចង់ធ្វើ គឺមិនខុសពីសាវ័កប៉ុលឡើយ(រ៉ូម ៧:១៩) ហើយយើងចាំបាច់ត្រូវងាកមករកអ្នកគង្វាលនៃដួងចិត្តយើង ដែលនាំយើងឲ្យចូលមកជិតព្រះអង្គវិញ។ ត្រង់ចំណុចនេះ ស្តេចដាវីឌក៏បានមានបន្ទូលក្នុងទំនុកដំកើង ជំពូក១១៩ ដែលជាបទចម្រៀងដ៏ប្រសើររបស់ព្រះគម្ពីរ ដែលចែងថា “ទូលបង្គំបានស្វែងរកទ្រង់អស់ពីចិត្ត ឱសូមកុំឲ្យទូលបង្គំវង្វេងចេញពីសេចក្តីបង្គាប់របស់ទ្រង់ឡើយ”(ខ.១០)។
ជួនកាល សូម្បីតែនៅពេលដែលចិត្តរបស់យើងចង់ស្វែងរកព្រះក៏ដោយ ក៏នៅតែមានការរំខានក្នុងជីវិត ដែលនាំឲ្យយើងវង្វេងចេញពីព្រះអង្គ និងព្រះបន្ទូលព្រះអង្គ។ តែយើងអរព្រះគុណព្រះអង្គ ដែលយើងមានព្រះវរបិតាដែលគង់នៅស្ថានសួគ៌ ដែលមានព្រះទ័យអត់ធ្មត់ និងមេត្តា ហើយព្រះគុណព្រះអង្គតែងតែមានគ្រប់គ្រាន់ សម្រាប់យើងជានិច្ច សូម្បីតែនៅពេលដែលយើងចេះតែវង្វេងចេញពីព្រះអង្គក៏ដោយ!-Bill Crowder
មិនបាត់ន័យនៅក្នុងការបកប្រែ
ជាច្រើនឆ្នាំមកហើយ ខ្ញុំមានឱកាស បង្រៀនព្រះគម្ពីរដល់មនុស្សជាច្រើន នៅទូទាំងពិភពលោក។ ដោយសារខ្ញុំចេះនិយាយតែភាសាអង់គ្លេស ខ្ញុំច្រើនតែមានអ្នកបកប្រែជួយប្រែសម្រួលពាក្យពេចន៍ដែលចេញពីចិត្តរបស់ខ្ញុំ ទៅជាភាសារបស់គាត់។ ការបង្រៀនរបស់ខ្ញុំមានប្រសិទ្ធិភាព គឺអាស្រ័យទៅលើជំនាញ និងអំណោយទានរបស់អ្នកបកប្រែទាំងនោះ។ អ្នកបកប្រែទាំងនោះ មានដូចជាកញ្ញាអ៊ីណាវ៉ាទី នៅប្រទេសឥណ្ឌូនេស៊ី កញ្ញាអេននី នៅប្រទេសម៉ាឡេស៊ី និងលោកជីន នៅប្រទេសប្រេស៊ីលជាដើម។ ពួកគេសុទ្ធតែខិតខំធ្វើយ៉ាងណា ឲ្យអ្នកស្តាប់យល់ច្បាស់ អំពីអ្វីដែលខ្ញុំកំពុងនិយាយ។
យើងអាចប្រដូចការងារបកប្រែ ទៅនឹងកិច្ចការមួយ ដែលព្រះវិញ្ញាណបរិសុទ្ធបានធ្វើ ក្នុងជីវិតរបស់រាស្រ្តរបស់ព្រះ។ ពេលយើងអធិស្ឋាន យើងមិនតែងតែដឹងថា ជាគួរអធិស្ឋានយ៉ាងណាទេ(រ៉ូម ៨:២៦) ហើយខ.២៧ បានលើកទឹកចិត្តយើងថា “ព្រះអង្គដែលស្ទង់ចិត្ត ទ្រង់ជ្រាបនូវគំនិតនៃព្រះវិញ្ញាណ ដ្បិតព្រះវិញ្ញាណជួយអង្វរជួសពួកបរិសុទ្ធ ឲ្យត្រូវនឹងព្រះហឫទ័យព្រះ”។ ពេលយើងចូលទៅចំពោះព្រះវរបិតាដែលគង់នៅស្ថានសួគ៌ ដោយអធិស្ឋាន ព្រះវិញ្ញាណបរិសុទ្ធទ្រង់ជួយយើង ដោយប្រែសម្រួលពាក្យអធិស្ឋានរបស់យើង តាមបំណងព្រះទ័យដ៏ល្អ ដែលព្រះមានសម្រាប់ជីវិតយើង។
នេះពិតជាជំនួយដ៏អស្ចារ្យណាស់។ ព្រះមិនគ្រាន់តែសព្វព្រះទ័យនឹងជ្រាបអំពីអ្វីដែលយើងចង់បង្ហាញចេញពីក្នុងចិត្តយើងប៉ុណ្ណោះទេ តែថែមទាំងបានប្រទានឲ្យយើងមានអ្នកបកប្រែដ៏អស្ចារ្យមួយអង្គសម្រាប់ជួយ ពេលយើងអធិស្ឋាន។ យើងអាចមានទំនុកចិត្តថា ពាក្យអធិស្ឋានរបស់យើងនឹងមិនដែលបាត់ នៅក្នុងការបកប្រែរបស់ព្រះវិញ្ញាណឡើយ។-Bill Crowder
ទឹកផុសធំ
ក្នុងឧបទ្វីបខាងលើនៃរដ្ឋមីឈីហ្គិន មានស្រះទឹកមួយ មានជម្រៅប្រហែល១២ម៉ែត្រ និងបណ្តោយប្រវែង៩០ម៉ែត្រ។ ជនជាតិដើមរបស់អាមរិកបានហៅស្រះទឹកនោះថា “ឃីច អ៊ីទិ គីពិ” ដែលមានន័យថា “ស្រះទឹកធំដ៏ត្រជាក់”។ ស្រះទឹកនេះ គឺជាភាពអស្ចារ្យនៃធម្មជាតិ ដែលគួរឲ្យកត់សម្គាល់។ សព្វថ្ងៃនេះ គេហៅវាថា ទឹកផុសធំ។ ស្រះទឹកនេះមានទឹកផុសនៅបាតរបស់វា ដែលបានបាញ់ទឹកជាង៣៧០០លីត្រ ក្នុងមួយនាទីតាមប្រឡោះថ្មដែលនៅបាតស្រះ ឡើងទៅផ្ទៃទឹកខាងលើ។ ម្យ៉ាងទៀត ទឹកក្នុងស្រះនោះបានរក្សាសីតុណ្ហភាព ៧អង្សាសេជានិច្ច មានន័យថា ទោះបីជារដូវរងាមានអាកាសធាតុតំបន់ឧបទ្វីបខាងលើ មានភាពត្រជាក់ខ្លាំងយ៉ាងណាក៏ដោយ ក៏ទឹកស្រះនោះនៅតែមិនកកដែរ។ ដូចនេះ ភ្ញៀវទេសចរណ៍អាចទស្សនាទេសភាពមាត់ទឹក របស់ស្រះធំមួយនេះ ក្នុងរដូវណាក៏បាន។
ពេលព្រះយេស៊ូវជួបស្រ្តីម្នាក់ នៅមាត់អណ្តូងទឹករបស់លោកយ៉ាកុប ព្រះអង្គបានមានបន្ទូលទៅកាន់នាង អំពីប្រភពនៃទឹកមួយទៀត ដែលនឹងធ្វើឲ្យមនុស្សលែងស្រេកទឹកជារៀងរហូត។ ប៉ុន្តែ ព្រះអង្គមិនបានមានបន្ទូលសំដៅទៅលើ ទឹកផុស ទឹកស្រះ ទឹកទន្លេ ឬទឹកបឹងឡើយ។ គឺដូចដែលព្រះអង្គបានមានបន្ទូលថា “អ្នកណាដែលផឹកទឹកខ្ញុំឲ្យ នោះនឹងមិនស្រេកទៀតឡើយ ទឹកដែលខ្ញុំឲ្យ នឹងត្រឡប់ជារន្ធទឹកនៅក្នុងអ្នកនោះ ដែលផុសឡើងដល់ទៅបានជីវិតអស់កល្បជានិច្ច”(យ៉ូហាន ៤:១៤)។
ទឹកដែលព្រះគ្រីស្ទផ្តល់ឲ្យ គឺនាំមកនូវជីវិតថ្មីដ៏ស្រស់ស្រាយ ដែលល្អប្រសើលើសទឹកផុសធម្មជាតិរាប់លានដង។ យើងអាចមានចិត្តស្កប់ស្កល់ ដោយសារព្រះគ្រីស្ទដែលជាទឹកនៃជីវិត ដែលអាចបំបាត់ការស្រេកទឹករបស់យើង។ សូមសរសើរដំកើងព្រះ ដ្បិតព្រះយេស៊ូវជាប្រភពទឹក ដែលមិនចេះរីងស្ងួត។-Bill Crowder
អំណាចនៃតន្រ្តី
នៅប្រទេសវេលស៍ តន្រ្តីរបស់ក្រុមចម្រៀងបុរស បានចាក់ឫសចូលយ៉ាងជ្រៅ ក្នុងវប្បធម៌នៃជនជាតិវេលស៍។ មុនសម័យសង្រ្គាមលោកលើកទី២ មានក្លឹបក្រុមចម្រៀងបុរសមួយ មានការប្រកួតប្រជែងបែបមិត្តភាព ជាមួយនឹងក្រុមចម្រៀងបុរសជនជាតិអាឡឺម៉ង់ ប៉ុន្តែ ចំណងមិត្តភាពនេះត្រូវបានជំនួស ដោយភាពជាសត្រូវនឹងគ្នា ក្នុងអំឡុងពេល និងក្រោយពេលសង្រ្គាមលោកលើកទី២។ ទោះជាយ៉ាងណាក៏ដោយ ភាពតានតឹងនេះក៏រលាយបន្តិចម្តងៗ ដោយសារពាក្យពេចន៍ ដែលក្រុមចម្រៀងទាំងពីរមានដូចគ្នា ក្នុងវគ្គបន្ទរដែលច្រៀងថា “បើអ្នកនិយាយគ្នាជាមួយខ្ញុំ អ្នកជាមិត្តភ័ក្ររបស់ខ្ញុំ។ បើអ្នកច្រៀងជាមួយខ្ញុំ អ្នកជាបងប្អូនរបស់ខ្ញុំ”។
ត្រង់ចំណុចនេះ អំណាចដែលតន្រ្តីមាន ក្នុងការប្រោសឲ្យជា និងជួយ ជាអំណាយមកពីព្រះ ដែលលើកទឹកចិត្តមនុស្សជាច្រើន។ ហេតុនេះហើយ បានជាបទទំនុកដំកើង បាននិយាយមកកាន់ចិត្តយើង យ៉ាងស៊ីជម្រៅយ៉ាងនេះ។ បទគម្ពីរទំនុកដំកើង និយាយអំពីការអ្វីដែលទាក់ទងនឹងចិត្តរបស់យើង ដែលនាំឲ្យយើងនិយាយទៅកាន់ព្រះវិញ ចេញពីជម្រៅនៃវិញ្ញាណរបស់យើង។ គឺដូចដែលមានសេចក្តីចែងថា “តែទូលបង្គំនឹងច្រៀងពីព្រះចេស្តានៃទ្រង់ អើ ចាប់តាំងពីព្រលឹមស្រាង នោះទូលបង្គំនឹងបន្លឺសំឡេង ច្រៀងពីសេចក្តីសប្បុរសរបស់ទ្រង់ ដ្បិតទ្រង់ជាប៉មយ៉ាងខ្ពស់នៃទូលបង្គំ ហើយជាទីជ្រក នៅថ្ងៃដែលទូលបង្គំមានសេចក្តីវេទនា”(ទំនុកដំកើង ៥៩:១៦)។ ពិតជាអស្ចារ្យណាស់ ដែលស្តេចដាវីឌបាននិពន្ធទំនុកនេះ ខណៈពេលដែលគេកំពុងដេញតាមសម្លាប់ទ្រង់! ទោះស្តេចដាវីឌកំពុងស្ថិតក្នុងស្ថានភាពលំបាកយ៉ាងណាក៏ដោយ ក៏ទ្រង់នៅតែនឹកចាំអំពីអំណាច និងក្តីមេត្តាកុរណារបស់ព្រះ ហើយការច្រៀងសរសើរព្រះ អំពីអំណាច និងសេចក្តីមេត្តារបស់ព្រះអង្គ បានលើកទឹកចិត្តទ្រង់ឲ្យបន្តទៅមុខទៀត។
សូមព្រះនៃយើង ប្រទាននូវបទចម្រៀងមួយបទ ដល់យើងនៅថ្ងៃនេះ ដែលនឹងជួយឲ្យយើងនឹកចាំ…